Header Ads


ព័ត៌មានសម្រាប់អ្នកជំងឺ រលាកថ្លើមប្រភេទ C

អ្វីទៅជាជំងឺរលាកថ្លើមប្រភេទ C? ជំងឺរលាកថ្លើមប្រភេទ C គឺជាការបង្ករោគដែលធ្វើឲ្យមានការរលាកថ្លើម។ ថ្លើមគឺជាសរីរាង្គសំខាន់មួយដែលជម្រះសារធាតុអាក្រក់ចេញពីឈាម ហើយរក្សាទុកនូវវីតាមីននិងស្ករ។ ការបង្ករោគដោយ HCV អាចធ្វើឲ្យថ្លើមមានដំណើរការមិនល្អ។ មនុស្សម្នាក់ដែលមានជំងឺរលាកប្រភេទ C អាចមិនមានការបង្ហាញជារោគសញ្ញាក្នុងរយៈពេលជាច្រើនឆ្នាំ។ យូរៗទៅ ថ្លើមអាចត្រូវខូចខ្លាំង។
ត្រូវគោរពតាមការណាត់របស់គ្រូពេទ្យជានិច្ច! នៅពេលដែលអ្នកកំពុងព្យាបាល សំខាន់បំផុតគឺកុំខកខាន ហើយត្រូវត្រឡប់មកតាមការណាត់។ ដើម្បីបំបាត់វីរុសនេះ អ្នកត្រូវបញ្ចប់រយៈពេលព្យាបាលឲ្យបានពេញលេញ។ ដើម្បីបញ្ជាក់ថា អ្នកបានជា អ្នកត្រូវមកធ្វើតេស្តឈាមរាប់ចំនួនមេរោគ ក្រោយពីចប់ការព្យាបាលរយៈពេល១២សប្តាហ៍។ តើអ្នកទទួលបានថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C នៅឯណា ហើយអ្នកលេបថ្នាំនោះដោយរបៀបណា? អ្នកអាចទទួលបានការព្យាបាលជំងឺរលាកថ្លើមប្រភេទ C នៅគ្លីនិកព្យាបាលជំងឺរលាកថ្លើមប្រភេទ C របស់អង្គការគ្រូពេទ្យគ្មានព្រំដែន ក្នុងន្ទីរពេទ្យបង្អែកមោងឬស្សី។ អង្គការគ្រូពេទ្យគ្មានព្រំដែននឹងរ៉ាប់រងការចំណាយសម្រាប់ការធ្វើតេស្ត ចាប់តាំងពីជំហានដំបូងរហូតដល់ព្យាបាលចប់។ ការព្យាបាលសម្រាប់ជំងឺរលាកថ្លើមប្រភេទ C ផ្សំឡើងដោយថ្នាំលេបពីរមុខ ហើយថ្នាំនេះគួរលេបរយៈពេល៣ខែ។ ថ្នាំប្រឆាំងវីរុសថ្មីៗនេះមានផលរំខានតិចតួច ហើយមានប្រសិទ្ធភាពខ្ពស់។ ទោះយ៉ាងណាក៏ដោយ ផលរំខានតិចតួចពីថ្នាំនៅតែអាចមាន ដូចជា ឈឺក្បាល ឬក្អួតចង្អោរ។ ផលរំខានទាំងនេះមិនគួរបន្តយូរទេ។ ប្រសិនបើអ្នកមានការបារម្ភពីផលរំខានទាំងនេះ សូមកុំបញ្ឈប់ការព្យាបាល ត្រូវពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកសិន។ ប្រសិនបើអ្នកភ្លេចលេបថ្នាំ សូមធ្វើដូចខាងក្រោម៖ ប្រសិនបើអ្នកនៅនឹកនៅថ្ងៃដដែល សូមយកមកលេប ហើយបន្តតាមពេលកំណត់ដូចមុន។ ប្រសិនបើអ្នកនឹកឃើញរហូតថ្ងៃបន្ទាប់ហើយ សូមកុំលេប ហើយបន្តលេបតាមពេលកំណត់ដូចមុន។ នៅពេលកំពុងព្យាបាល សូមកុំលេបថ្នាំផ្សេងៗ ពីព្រើវាអាចមានអន្តរប្រតិកម្មជាមួយនឹងការព្យាបាលនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន បើអ្នកចង់ប្រើ។ ក្នុងអំឡុងពេលព្យាបាល ត្រូវប្រយ័ត្នពីការចម្លង ពីព្រោះវានៅតែមានហានិភ័យក្នុងការចម្លងវីរុសនេះទៅអ្នកដទៃ។ ប្រសិនអ្នកបានជាហើយ ត្រូវប្រយ័ត្នកុំឲ្យមានការឆ្លងឡើងវិញ។
តើត្រូវរក្សាសុខភាពដោយរបៀបណាក្នុងពេលមានជំងឺរលាកថ្លើមប្រភេទC? មានអ្នកជំងឺរលាកថ្លើមប្រភេទ C មួយចំនួនប៉ុណ្ណោះដែលនឹងវិវត្តទៅជាធ្ងន់ធ្ងរ ប៉ុន្តែពួកគេនឹងត្រូវបានព្យាបាល។ ប្រសិនបើអ្នកមិនត្រូវការថ្នាំទេ អ្នកត្រូវមានការសម្របរបៀបរស់នៅរបស់អ្នក ដើម្បីចៀសវាងការខូចថ្លើមបន្ថែមទៀត។ សម្រួលរបបអាហាររបស់អ្នក៖ កាត់បន្ថយប្រេងឆា និងស្ករ ហើយព្យាយាមហូបបន្លែនិងផ្លែឈើឲ្យបានច្រើន។ ចៀសវាងគ្រឿងស្រវឹង និងប្រើថ្នាំដោយមិនមានការណែនាំពីគ្រូពេទ្យ ព្រោះវាជាបន្ទុកមួយដ៏ធ្ងន់សម្រាប់ថ្លើមរបស់អ្នក ហើយក៏ធ្វើឲ្យជំងឺនេះមានការវិវត្តលឿនដែរ។
តើអ្នកអាចឆ្លងដោយរបៀបណា? ជំងឺរលាកថ្លើមប្រភេទ C ត្រូវបានឆ្លងរាលដាលតាមរយៈការប៉ះពាល់ឈាមរបស់អ្នកដែលមានជំងឺនេះ។ 1. តាមរយៈការចាក់ថ្នាំដោយប្រើម្ជុលនិងស៊ឺរាំង ដែលគេបានប្រើរួច។ ចៀសវាងការចាក់ថ្នាំ នៅពេលដែលមិនចាំបាច់។ ការប្រើថ្នាំគ្រាប់ក៏មានប្រសិទ្ធភាពដូចថ្នាំចាក់ដែរ។ សូមទៅរកសេវានៅមូលដ្ឋានសុខាភិបាលដែលអ្នកទុកចិត្ត ដែលនៅទីនោះ បរិក្ខារពេទ្យមានការសម្លាប់មេរោគ ហើយស៊ឺរាំងនិងម្ជុលត្រូវបានប្រើតែមួយដង។ 2. តាមរយៈការប្រើរួមគ្នានូវ សម្ភារៈធ្វើក្រចក ឡាមកោរ ច្រាស់ដុះធ្មេញ ឬឧបករណ៍ចោះទម្លុះរាងកាយ ឬឧបករណ៍ចាក់សាក់ អ្នកអាចឆ្លងវីរុស HCV។ 3. តាមរយៈការបញ្ចូលឈាម ដែលមានផ្ទុកមេរោគ នៅក្នុងមូលដ្ឋានដែលមិនមានអញ្ញាប័ណ្ណ
4. មានហានិភ័យក្នុងការឆ្លងជំងឺរលាកថ្លើមប្រភេទ C នៅពេលរួមភេទ ដោយមិនបានការពារ ជាមួយដៃគូច្រើន ជាពិសេសបុរសដែលរួមភេទជាមួយបុរស។ 5. ស្រ្តីមានផ្ទៃពោះដែលមានផ្ទុកមេរោគនេះអាចចម្លងទៅកូនរបស់គេ ក្នុងអំឡុងពេលពរពោះ ឬក្នុងពេលសម្រាល។ ទោះយ៉ាងណា អត្រានៃការឆ្លងតាមរយៈនេះមានកម្រិតទាប។
6. អ្នកប្រើថ្នាំញៀនដែលប្រើម្ជុល ខ្សៀជក់ បំពង់ហឺត ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺរលាកថ្លើមប្រភេទ C។ ជំងឺរលាកថ្លើមប្រភេទ C មិនឆ្លងតាមការប៉ះពាល់ ជា ធម្មតាទេ ដូចជាការអោបថ្លើប ឬការក្អក ការហូបអាហាររួមគ្នា។

No comments:

Powered by Blogger.